(រដ្ឋបាលខេត្តកំពង់ធំ)÷ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការចំនួន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលរបស់អភិបាលខេត្តកំពង់ធំ ដែលទើបនឹងតែងតាំងកន្លងទៅថ្មីៗនេះ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំ បន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងខេត្តកំពង់ធំ ឱ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់នូវយុទ្ធបញ្ចកោណដំណាក់កាលទី១ គឺជាការបើកទំព័រថ្មីរបស់កម្ពុជា រួមគ្នាធ្វើ រួមគ្នាគិត ដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន ក្នុងការដឹកនាំខេត្តកំពង់ធំឱ្យមានរលូនបន្តទៅមុខទៀត។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានដាក់នៅគោលការណ៍ចំនួន៣ចំណុចមាន÷
១.រួមគ្នាការពារធនធានធម្មជាតិ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធបទល្មើក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
២.បន្តនិរន្តរភាពរដ្ឋបាល និរន្តរភាពការងារពង្រឹងបន្ថែមដល់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីអភិវឌ្ឍការងារទទួលបានភាពរីកចម្រើន។ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ មានទិសដៅអនុវត្តនៅក្នុងខេត្តកំពង់ធំ រួមគ្នារុញច្រានចក្ខុវិស័យឱ្យមានគុណភាព និងប្រសិទ្ធិភាពទៅមុខជានិច្ច។
៣.សូមដកខ្លួនជាប្រញ៉ាប់ រាល់បទល្មើសផ្សេងៗ នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តថ្មី គឺតាំងចិត្តមិនឱ្យមានការពាក់ព័ន្ធ ទៅនឹងរឿងបទល្មើសក្នុងខេត្តកំពង់ធំនោះឡើយ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន