(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង អណ្តូងស្នប់ចំនួន១ ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា ផ្ទះថ្មីចំនួន២ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ រនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី អណ្តូងស្នប់ចំនួន១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ទី១. ឈ្មោះ ឈួន វ៉េត ភេទប្រុស អតីតយុទ្ធជនពិការជើង ទី២. ឈ្មោះ អ៊ុល វ៉ាន់ ភេទស្រី អ្នកទាំងពីររស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹង ដែលមានជីវភាពខ្វះខាតចំនួន ១៨គ្រួសារបន្តទៀត ដោយមិនទុកឲ្យគ្រួសារណាម្នាក់ដាច់ស្បៀង ដោយមិនបានដោះស្រាយជូនពួកគាត់នោះទេ ទីណាមានការលំបាកទីនោះមានមន្រ្តីកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពី សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ បច្ចុប្បន្ននេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែមានការរីករាលដាលទូទាំងពិភពលោក គួរឲ្យព្រួយបារម្ភ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ទោះបីជាមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ក៏ពិតមែន តែពលរដ្ឋខ្មែរម្នាក់ៗ ត្រូវតែគោរពតាមការណែនាំ និងវិធាននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយជូនជារៀងរាល់ថ្ងៃ ព្រោះយើងពុំដឹងថា អ្នកណាមានជំងឺ ឬមិនមានជំងឺកូវីដ-១៩ឡើយ ដែលអាចឆ្លងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន ។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋ មានស្មារតី ប្រុងប្រយ័ត្ន ពីជំងឺគ្រុនឈាម នារដូវវស្សា នេះជាពិសេស ការកើតឡើងវិញនូវជំងឺគ្រុនឈីក ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាញី និងសំអាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបានត្រូវដេកក្នុងមុង (ទាំងថ្ងៃយប់) ត្រូវស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាក នៅកន្លែងដែលមិនមានពន្លឺ គ្រប់គ្រាន់នោះទេ ។
ចុងបញ្ចប់ឯកឧត្តម សុខ លូ ព្រមទាំងសហការី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំង២គ្រួសារ អណ្តូងស្នប់ចំនួន១ និងចែកអំណោយជូនដល់ចាស់ជរាគ្មានទីពឹង ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី១កេស កន្ទេលចំនួន ១ ឃីត ១កញ្ចប់ និង ច្រាសដុះខោអាវ១ សាប៊ូ១ដុំ ។