(រដ្ឋបាលខេត្តកំពង់ធំ): ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន សប្បាយរីករាយក្រៃលែង ក្រោយទទួលបានសមិ្ធទិផលថ្មីនូវប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងតម្លៃទឹកប្រាក់ចំនួន USD 12.761.907,54 គ្រោងនឹងសាងសង់រួចរាល់រយៈពេល ៣ឆ្នាំ ខាងមុខនេះ (ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែកក្កដា ឆ្នាំ២០២៣) ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលទទួលសាងសង់ដោយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ។
ពិធីបើកការដ្ឋានសាងសង់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។
ថ្លែងនៅក្នុងពិធីបើកការដ្ឋាននោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មាន ០២អនុគម្រោង ទី១.ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត។ ទី២. គម្រោងការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណ ៤៨.០០០ម៉ែត្រគីប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់ ដែលនឹងគ្រោងសាងសង់នៅពេលខាងមុខឆាប់ៗនេះ។
បន្លែមលើសពីនេះទៀត ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ខេត្តកំពង់ធំយើង ពិតជាមានសំណាងណាស់ ដែលទទួលបានគម្រោងនេះ សម្រាប់ពុកម៉ែបងប្អូនអ្នករស់នៅក្នុងខេត្តកំពង់ធំ ដែលកំពុងជួបការលំបាក នៅពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យមានការទឹកជនលិចផ្លូវ ដោយសារប្រព័ន្ធលូបង្ហូរទឹកស្អុយតូចចង្អៀត និងចាស់ទ្រុឌ្រោម ហើយប្រព័ន្ធលូមួយចំនួន មិនទាន់ត្រឹមត្រូវតាមស្តង់ដារនោះទេ ទាំងនេះគឺជាបញ្ហាកង្វល់របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពរដល់លោកប្រធានក្រុមហ៊ុនសាងសង់ សូមជួយពន្លឿននៃការសាងសង់ព្រោះថាបើគ្មានប្រព័ន្ធលូរំដោះទឹកទេក្រុងស្ទឹងសែននិងមានការលិចដោយសារទឹកភ្លៀង ហើយឯកឧត្តមបានដាស់តឿនទៅដល់មន្ត្រីសូរិយោដីសំណង់សូមឲ្យពិនិត្យគ្រប់ជ្រុងជ្រោយនៅសំណង់ទាំងឡាយណាដែលបានសាងសង់ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពានទៅលើចំណីផ្លូវចាក់ដីខ្ពស់ជាងផ្លូវនឹងធ្វើឲ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូជាដើម ។
ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការចូលរួមការសាងសង់ព្រោះថាដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងរឺទឹកកខ្វក់នេះគឺធ្វើទៅលើចំណីផ្លូវមុខផ្ទះបងប្អូនហើយការដោះស្រាយផលប៉ះពាល់ទាល់តែមានការចូលរួមពីបងប្អូនទើបក្រុមហ៊ុនសាងសង់អាចពន្លឿនបាន។
ជាមួយគ្នានេះដែរ លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជូនគណអធិបតេយ្យ និងអ្នកចូលរួម។