(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និង ការអភិវឌ្ឍន៍ជនបទ» នៅសួនស្ទឹងសែន នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរទេចរណ៍ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអានលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ«ទេសចរណ៍ និង ការអភិវឌ្ឍន៍ជនបទ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ហើយបាននិងកំពុងប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានខិតខំអភិវឌ្ឍន៍ក្រុងស្ទឹងសែន និងតាមបណ្ក្រុងស្រុក ជាពិសេសតាមបណ្តាគោលដៅទេសចរណ៍នៅក្នុងខេត្តកំពង់ធំ ក្លាយជាតំបន់មានការចាប់អារម្មណ៍បំផុត ដើម្បីទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋាននានា ប្រកបដោយអារម្មណ៍ស្រស់ស្រាយ មានសុវត្ថិភាព សុខមាលភាព ស្របតាមយុទ្ធសាស្រ្តមួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការអភិវឌ្ឍន៍ជាក់លាក់ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋានក្នុងទម្រង់ភាពជាដៃគូរដ្ឋ ឯកជន និងប្រជាជន ឱ្យកាន់តែសកម្មក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ មិនទាន់ដល់កម្រឹតកំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ ហើយក៏មិនទាន់មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះដែរ ប៉ុន្តែយើងក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាពគ្រប់ក្រុងស្រុករួចហើយ សម្រាប់ជម្លាសបងប្អូនដែលទទួលរងគ្រោះទឹកជំនន់ នៅពេលទឹកជំនន់កើតមានឡើង ។ ទន្ទឹមនឹងនោះ សម្រាប់ដំណាំស្រូវវស្សានៅក្នុងខេត្តកំពង់ធំ កំពុងតែពេញល្អ ដោយសារមានទឹកគ្រប់គ្រាន់ មិនទាន់មានបណ្តាលឲ្យមានការខូចខាតនោះទេ ។
លើសពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ថិតនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ ដោយមានការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ និងមានការចូលរួមពីយើងទាំងអស់គ្នា អាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។