(រដ្ឋបាលខេត្តកំពង់ធំ): ដើម្បីរួមគ្នាទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩នៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាពីយន្តការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំបែងចែកក្រុមការងារឲ្យបានច្បាស់លាស់ ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណចំពោះបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅខេត្តនិងតាមតំបន់ផ្សេងៗ ជាពិសេសអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវីដ១៩ ត្រូវមកយកសំណាកនៅមណ្ឌលចត្តាឡីស័ក ដើម្បីវិភាគរកនូវជំងឺកូវីដ១៩ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។
នៅក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំជួយជ្រោមជ្រែងធ្វើកិច្ចការងារនេះ យើងអាចគ្រប់គ្រងបាននៅស្ថានភាពជំងឺកូវីដ១៩ បានស្ទើតែទាំងស្រុង ។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ សំណូមពរអាជ្ញាធរក្រុងស្រុកត្រូវខិតខំបន្តស្វែងរកជំនួយពីសប្បរសជននានា ដើម្បីយកមកផ្គត់ផ្គង់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក។