កំពង់ធំ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុក ហៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក វិឌ្ឍី វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលការដោះស្រាយ ទំនាស់ដីធ្លីក្រៅ ប្រព័ន្ធតុលាការ របស់គណៈកម្មការសុរិយោដី ដែលសហការរៀបចំឡើងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី លោកនាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ នាយករងទីចាត់ការ និងមន្ត្រីពាក់ព័ន្ធ លោកអភិបាលក្រុង-ស្រុក អភិបាលរង និងលោក លោកស្រី ក្រុមការងារដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ។
ក្នុងឱកាសនោះដែរឯកឧត្ដម សុក ហៃ អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលយកចិត្តទុកដាក់បើកវគ្គបណ្ដុះបណ្ដាលស្តីពីការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ របស់គណៈកម្មការសុរិយោដី។
ឯកឧត្តម បានបន្តថាការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដី គឺជាការ ដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយយន្តការរបស់គណៈកម្មការសុរិយោដី គឺយកការសម្រុះសម្រួលជា មូលដ្ឋាន ដោយផ្អែកលើ ច្បាប់ បច្ចេកទេស និងប្រកបដោយសមធម៌ផងដែរ ដើម្បីឲ្យការដោះស្រាយបាន សម្រេចជោគជ័យ គូរភាគីវិវាទមានការព្រមព្រៀងគ្នា ដោយទទួលបានប្រយោជន៍ឈ្នះ! ឈ្នះ! ទាំង សងខាង។ ដើម្បីធ្វើឲ្យគូរភាគីវិវាទទាំងពីរឈានទៅដល់ការព្រមព្រៀងគ្នា គឺក្នុងនាមជាអ្នកដោះស្រាយជួបការ លំបាក ស្មុគស្មាញជាច្រើន ម្យ៉ាងមន្រ្តីនៅថ្នាក់ ក្រុង/ស្រុក/ឃុំ និងមន្រ្តីជំនាញ នៅមានកំរិតទាំងផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទពិសោធន៍ ក្នុងការដោះស្រាយទំនាស់ដីធ្លី មន្រ្តីខ្លះមិនទាន់ទទួលបានការ បណ្តុះបណ្តាលវគ្គនេះនៅឡើយ។
ជាចុងក្រោយ ឯកឧត្តមអភិបាលរង បានផ្ទល់នូវអនុសាសន៍ណែនាំ ដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ បទឧទ្ទេសនាម របស់លោកគ្រូ ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងបទពិសោធន៏ដែលនឹងទទួល បានអំពី វគ្គបណ្ដុះបណ្ដាលនៅពេលនេះ ជាធាតុចូលយ៉ាងសំខាន់ សម្រាប់យកទៅអនុវត្ត និងដោះស្រាយទំនាស់ដីធ្លី ដែលកើតមានឡើងនៅតាមមូលដ្ឋាន ឲ្យស្របទៅតាមនីតិវិធីរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។