(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែត្រួតពិនិត្យវឌ្ឍនភាពការដោះស្រាយទំនាស់ក្នុងក្របខណ្ឌខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា កិច្ចប្រជុំនេះ ដើម្បីស្តាប់នូវវឌ្ឍនភាព ស្តីពីការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ ជាពិសេសប្រភេទទំនាស់ដីធ្លី ជាប្រភេទសេវាមួយចំាំបាច់សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថែមទៀថា យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលា ជាធាតុចូលមួយត្រូវមានការយល់ដឹងបន្ថែម ដោយធ្វើការអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើការសម្របសម្រួល ក្នុងការបត់បែនស្វែងរកដំណោះស្រាយទំនាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាក្នុងមួយខែ ត្រូវដោះស្រាយទំនាស់ឲ្យបានចប់មួយរឿងយ៉ាងតិច។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា សូមអជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំយកចិត្តទុកដាក់ពន្លឿននៃការដោះស្រាយបន្ថែមទៀតលើវិស័យដីធ្លីនេះ ហើយរាល់យន្តការនៃការដោះស្រាយ ត្រូវមានតម្លាភាព ប្រសិទ្ធភាព ដែលអាចឲ្យប្រជាពលរដ្ឋទទួលយកប្រកបដោយភាពជឿជាក់ និងទុកចិត្តពីថ្នាក់ដឹកនាំ។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀថា នៅក្នុងខែកញ្ញានេះ រដ្ឋបាលខេត្តកំពង់ធំ បានទទួល ពាក្យបណ្ដឹងសរុប មានចំនួន ២៩ករណី បានដោះស្រាយបញ្ចប់សំណំរឿង ចំនួន ៧ករណី ក្នុងនោះ មាន ករណីទំនាស់ព្រំដី ករណីសុំបើកផ្លូវចូលដីចម្ការ និងករណីសុំបើកផ្លូវចូលផ្ទះ ។