(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦០ គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណលោកអភិបាលស្រុកស្ទោង និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ដែលបានខិតខំគៀងគររកអំណោយសប្បុរសធម៌នានា មានស្បៀង និងមធ្យោបាយផ្សេងៗ ក្នុងការគ្រប់គ្រងទឹកជំនន់នាពេលកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា អំណោយដែលត្រូវចែកជូននៅពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ដែលយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។
ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក៏ដូចជាក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការលិចលង់ដោយសាទឹកជំនន់ រស់នៅប្រមូលផ្ដុំ និងពិបាកធ្វើដំណើរ គ្រួសារខ្លះមានការឈឺស្កាត់កម្រិតស្រាល ដោយបានផ្តល់នូវស្បៀង និងថ្នាំពេទ្យ សម្រាប់ចែកជូនបងប្អូននៅពេលនេះ។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មីកញ្ចប់ ទឹកត្រី ទទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ និងថ្នាំពេទ្យ។