(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំបន្តអនុវត្តគោលនយោបានយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ការថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា កងកម្លាំងមានសមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងខិតខំធ្វើការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងចុះពិនិត្យជាក់ស្តែងលើទីតាំងណាដែលមានការសង្ស័យមានលេងល្បែងស៊ីសង មិនឲ្យកើតមានឡើងនៅក្នុងមូលដ្ឋានទៀតនោះទេ និងជំរុញការផលិតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេស អ្នកដែលមានគោយន្តសូមមេត្តាបិទចំណាំងផ្លាត ឬក៏ផ្អាកការធ្វើដំណើរពេលយប់ ដើម្បីជៀសវាងបង្ករមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ ។ ម្យ៉ាងវិញទៀត យើងត្រូវធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃរថយន្តខុសបច្ចេកទេស បើពិនិត្យឃើញថាសិប្បកម្មនោះ តទ្រុងរថយន្តមានលក្ខណៈខុសបច្ចេកទេស ត្រូវបិទទាំងស្រុង។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជំរុញដល់ដល់លោកអភិបាលក្រុង ស្រុក ខិតខំជួយពន្លឿនវឌ្ឍនភាពនៃការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងមិនទាន់បានចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ។