(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ របស់សម្ដេចតេជោចំនួន ១៣.៣០០គីឡូក្រាម ចែកជូនប្រជាពលរដ្ឋចំនួន ២០៤ គ្រួសារ មកពី ៣ឃុំ ដែលមានផ្ទៃដីទទួលរងផលប៉ះពាល់ខូចខាតទាំងស្រុងដោយសារទឹកជំនន់ចំនួន ១២៦ហិចតា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា មកដល់ពេលនេះ នៅក្នុងស្រុកស្ទោង ក្រុមការងារបានចែកជូនពូជស្រូវស្រាលរបស់សម្តេចតេជោ បានចំនួន ៣លើកហើយ ដែលការចែកពូជស្រូវស្រាលនេះ ទៅតាមគោលការណ៍របស់សម្តេចតេជោ ចែកឲ្យចំគោលដៅ និងតាមទំហំនៃការខូចខាត ។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទោងគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក បានខិតខំយកចិត្តទុកដាក់ណាស់ មួយនឹងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក៏ដូចជាការគិតគូរអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ក្នុងកំឡុងពេលទឹកជំនន់ ដោយបានខិតខំគៀងគរ និងស្វែងរកជំនួយពីសប្បុរសជននានា មាន ជាសម្ភារ និងថវិកា សម្រាប់ចែកជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារ នៅក្នុងស្រុកស្ទោង ដែលរងផលប៉ះពាល់ទឹកជំនន់ ចូលរួមការចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា គ្រោះមហន្តរាយទឹកជំនន់នេះ គឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាក់របស់ថ្នាក់ដឹកនាំ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីខ្លួន ក្រុមគ្រួសារយើង និងសង្គមជាតិយើង និងប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀត។