(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពនៅក្នុងរដូវវស្សា ចំនួន ៨៧១គ្រួសារ នៅឃុំផាត់សណ្តាយ ដែលជាឃុំមួយស្ថិតនៅលើផ្ទៃទឹកនៃបឹងទន្លេសាប ក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រនៅទីនោះ រួចមក ឯកឧត្តម ងួន រតនៈ លើកឡើង ប្រជាពលរដ្ឋដែលជាប្រជានេសាទនៅទីនេះ ពឹងផ្អែកទៅលើធនធានជលផល នៅក្នុងរដូវវស្សាដែលទឹកទន្លេមានការហក់ឡើងខ្លាំងនេះ ធ្វើឱ្យការរកចំណូលប្រចាំថ្ងៃរបស់បងប្អូន មានការថយចុះ ។ អំណោយដែលត្រូវចែកជូននៅពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ដែលយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ និងបានជួយសម្រួលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ក្រៅពីការផ្ដល់ស្បៀងបន្ទាន់នេះ សម្ដេចតេជោក៏បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។
គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន ៨៧១គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ត្រីខ និងទឹកបរិសុទ្ធ៕