(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ស្បៀងបន្ទាន់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាប៉ះពាល់ដំណាំស្រូវ និងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឡើងធ្វើរបាយការណ៍ ដោយមានការយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៣៥០គ្រួសារ អញ្ជើញមកពី៥ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំ បានធ្វើឲ្យប៉ះពាល់ទាំង០៩ក្រុងស្រុក មានការលិចដំណាំស្រូវ ភ្លេចផ្ទះសម្បែងតម្រូវឲ្យគាត់ចេញពីផ្ទះ ជម្លៀសទៅរកទីទួលសុវត្ថិភាព ឬទៅផ្ទះបងប្អូន ដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ។
ឯកឧត្តម ងួន រតនៈ សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ជាមួយនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីហានិភ័យនៃទឹកជំនន់ និងបានដាក់កម្លាំងប្រចាំការនៅកន្លែងណាដែលមានទឹកហូរដាច់ផ្លូវ ទឹកហូរខ្លាំង ជួយសម្រួលចរាចរណ៍ឱ្យមានសុវត្ថិភាព។ ក្រុមការងារភូមិ/ឃុំក៏បានធ្វើរបាយការណ៍ មករដ្ឋបាលខេត្ត ពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា ដើម្បីស្នើសុំផ្តល់ស្បៀងបន្ទាន់បម្រុងរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារដែលមានជីវភាពខ្វះខាតឲ្យចំគោលដៅ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។ សូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះឈ្មោះបោះឆ្នោត និងអ្នកប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស។
សូមបញ្ជាក់ថា ប្រជាពរដ្ឋចំនួន៣៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ទឹកបរិសុទ្ធ០១កេសផងដែរ៕