(រដ្ឋបាលខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ ក្នុងគោលបំណងលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍នានា សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តកំពង់ធំនេះឲ្យបានផុលផុស ជាពិសេសពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំសង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។
នៅចំពោះអង្គពិធី ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម ងួន រតនៈ មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ ដែលយើងមានឱកាសជួបគ្នា អង្គុយទល់មុខគ្នា រវាងប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ខេត្ត ស្រុក ឃុំ មន្ទីរអង្គភាព តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការដោះស្រាយសំណើ សំណូមពរ សេវាចាំបាច់ សេវាតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលជាយន្តការមួយបន្ថែមទៀត ជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងការអនុវត្តកម្មវិធីនយោបាយផ្សេងៗរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ កាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀត ឯកឧត្តម ចង់បានការផ្តល់ព័ត៌មានបន្ថែមទៀតពីប្រជាពលរដ្ឋ អំពីបញ្ហាដែលបានជួបប្រទះ ដើម្បីថ្នាក់ដឹកនាំ ធ្វើការឆ្លើយតប បកស្រាយ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានការជឿទុកចិត្តបន្ថែមទៀត។
ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម ងួន រតនៈ បន្តថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវពន្យល់ប្រជាពលរដ្ឋរបស់យើង ឲ្យយល់អំពីភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ភាពរាំងស្ទះដោយសារជំងឺកូវីដ ១៩ ត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ ដែលមានជីវភាពខ្វះខាត គ្រួសារក្រ១ ក្រ២ ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។