(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបគម្រប់ ១៨ព្រះវស្សា (២៩ តុលា ២០០៤ – ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។