(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងប្រជាជនវៀតណាម បានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃការកសាងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ(២០០៧-២០២២) ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ ថ្លែងថាក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចខេត្តកំពង់ធំ មានចំនួន ២៧ក្រុមហ៊ុន លើផ្ទៃដី១២៤.៧២៦ហិចតា ក្នុងនោះផ្ទៃដីដាំដុះកៅស៊ូបានចំនួន៦១.៦៨៥ហិចតាផ្ទៃដីចៀរជ័រ ៥០.៩៣៩ហិចតា ក្រៅពីនេះកៅស៊ូគ្រួសារដាំដុះបាន ៨.៥៦៣ហិចតា និងចៀរជ័របានចំនួន ៦,៨២៧ហិចតា។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនតានបៀនធ្វើការរយៈពេល១៥ឆ្នាំកន្លងទៅនេះ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ តាមរយៈការផ្ដល់ការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចជួយកាត់បន្ថយការធ្វើចំណាកស្រុកបានមួយកម្រិត ។ លើសពីនេះ ក្រុមហ៊ុនក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ ។