(រដ្ឋបាលខេត្កកំពង់ធំ): នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៣ រួមមាន៖
១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣. បញ្ហាផ្សេងៗ
របៀបវារៈទាំង៣ខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។
ជាមួយគ្នានោះដែរឯកឧត្តម ដៀប ពីរី មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ចំពោះការតាក់តែងនូវឯកសារក្នុងកិច្ចប្រជុំ ជាពិសេសធ្វើឡើងសម្រាប់ស្វែងរកនូវចំនុចខ្វះខាតដោយ សមាជិកដែលចូលរួមទាំងអស់លើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលំអឱ្យកាន់តែល្អប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារ ពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។
ទន្ទឹមនឹងនោះឯកឧត្តម ងួន រតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ជាពិសេសឯកឧត្តម លោកជំទាវក្នុងជួរសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញឲ្យការងាររដ្ឋបាលខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមលើសពីនេះឯកឧត្តម ងួន រតនៈ បានជំរុញដល់មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យការរៀបចំយន្តការសណ្តាប់ធ្នាប់សាធារណៈឲ្យមានសោភ័ណភាព គឺទីក្រុងគ្មានសម្រាក និងចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារនីមួយៗ ត្រូវមានរៀបរៀបរយ និងសម្រួលដល់ពួកគាត់ឲ្យមានទីកន្លែងលក់ត្រឹមត្រូវ ជៀសវាងការកក់ស្ទះក្នុងការធ្វើដំណើរ។