(រដ្ឋបាលខេត្តកំពង់ធំ)÷ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបបងប្អូនប្រជាពលរដ្ឋនៅស្រុកសន្ទុក ក្នុងគោលបំណងកែទម្រង់កសិកម្ម ដោយកាត់បន្ថយថ្លៃដើម និងពង្រឹងភាពធនរបស់កសិករតាមរយៈការចងក្រងជារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ព្រមទាំងចុះពិនិត្យរោងចក្រកិនស្រូវដៃគូរបស់ក្រុមហ៊ុន ប៊ី អ អឹម អាហ្រ្គោ ខេត្តកំពង់ធំ ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ឌិត ទីណា បានលើកឡើងពីរការសហការគ្នារវាងក្រុមហ៊ុនជាមួយ និងបងប្អូនប្រជាកសិករ ក្នុងការធ្វើកសិកម្ម ពិសេសគឺដំណាំស្រូវ ដើម្បីឲ្យមានទិន្នផលខ្ពស់ ប្រកបដោយគុណភាព និងមានតម្លៃសមរម្យ។ ជាមួយគ្នានេះក្រុមហ៊ុន ក៏បានកំណត់ជាមួយបងប្អូនប្រជាកសិករ ការធ្វើស្រូវប្រាំង ស្រូវវស្សា គឺក្រុមហ៊ុនជាអ្នកចេញពូជស្រូវ ថ្លៃទឹក និងប្រេងសាំងសម្រាប់ដំណើរការ សម្រាប់បងប្អូនប្រជាកសិករជួយចេញតែថ្លៃជី ការភ្ជួររាស់ដី និងថ្នាំសម្លាប់សត្វល្អិតតែប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តទៀតថា អ្វីដែលបងប្អូនប្រជាពលរដ្ឋព្រួយបារម្ភគឺ កត្តាស្រូវចុះថោក ជីឡើងថ្លៃ ហើយប្រេងសាំងក៏ឡើងថ្លៃដែរ ដូច្នេះហើយប្រជាពលរដ្ឋមួយចំនួនក៏មិនបានធ្វើស្រូវប្រាំង និងស្រូវវស្សាដែរ ពីព្រោះការនាំចេញស្រូវអង្ករទៅក្រៅប្រទេសក៏មានការលំបាក ការទុកដាក់ស្រូវមិនមានសុវត្ថិភាព ធ្វើឱ្យខូចខាតពូជស្រូវជាច្រើន។
ឯកឧត្តម ឌិត ទីណា បានអំពាវនាវបន្ថែម សូមបងប្អូនប្រជាកសិករ មេត្តាខិតខំបង្កបង្កើនផលស្រូវប្រាំ និងស្រូវវស្សាឲ្យបានច្រើន ព្រោះក្រុមហ៊ុន ប៊ី អ អឹម អាហ្រ្គោ ខេត្តកំពង់ធំ ទទួលទិញស្រូវគ្រប់ប្រភេទពីបងប្អូនប្រជាកសិករដែលអាស្រ័យផលបាន ក្នុងតម្លៃសមរម្យដើម្បីនាំយកអង្ករទៅលក់នៅក្រៅប្រទេស។ សូមពង្រឹងបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយបន្ថែមពីការធ្វើស្រូវប្រាំង និងស្រូវស្សានៅក្នុងមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីឲ្យបងប្អូនប្រជាកសិករខិតខំបង្កបង្កើនផលផ្នែកកសិកម្មឲ្យមានការរីកចម្រើន ប្រកបដោយទិន្នផលខ្ពស់។