(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការចំនួន ២០ រូប ជានាយករងរដ្ឋបាលសាលាខេត្ត និងរចនាសម្ព័ន្ធ មន្ទីរ អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីប្រកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ពិធីប្រកាសមន្ត្រីរាជការឲ្យកាន់មុខតំណែងនៅក្នុងអង្គភាពមន្ទីរអង្គភាពនាពេលនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ ការដឹកនាំ ការគ្រប់គ្រងមានភាពត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ សម្រាប់ជាផ្លូវឈានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងវិញទៀត គ្រប់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ធ្វើការងារដោយមានការទទួលខុសត្រូវ ទៅតាមបំណែងចែកភារកិច្ច ហ៊ានធ្វើហ៊ានសម្រេចដើម្បីឲ្យមានភាពច្បាស់លាស់ ឱ្យមន្ទីរអង្គភាពក៏មានការរីកចម្រើនជឿនលឿនបន្តទៀតដែរ។
ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់មន្ត្រីរាជការដែលប្រកាសឲ្យកាន់ចូលមុខតំណែងនេះ ត្រូវចេះសហការ សាមគ្គីភាពផ្ទៃក្នុងឲ្យបានទូលំទូលាយ ពិសេសគឺត្រូវរៀនពីគ្នាទៅវិញទៅមកពីជំនាញ បទពិសោធន៍ សមត្ថភាព ពីស្ថានភាពជាក់ស្ដែងនៅក្នុងមន្ទីរអង្គភាព។ បង្កើតភាពទំនាក់ទំនង ជាមួយដៃគូអភិវឌ្ឍន៍ផ្សេង និងចូលរួមចាក់វ៉ាក់សាំងដួសជំរុញបន្ថែមទៀត ដើម្បីការពារជាមួយកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការទាំង២០រូបនេះ រួមមាន៧អង្គភាព ក្នុងនោះមាន÷ ១.សាលាខេត្តកំពង់ធំ០៥រូប ២.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន០២រូម ៣.មន្ទីរអប់រំយុវជន និងកីឡាចំនួន០៣រូប ៤.មន្ទីរកិច្ចការនារីចំនួន ០៣រូប ៥.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន០១រូប ៦.មន្ទីរពាណិជ្ជកម្ម ចំនួន០១រូប ៧.មន្ទីរផែនការ ចំនួន០៤រូប ។