(រដ្ឋបាលខេត្តកំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា ១៩៧៩ – ២០២៣ ដែលជាថ្ងៃកំណើតទី២ ក្នុងក្របខណ្ឌខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ វិស័យកីឡានេះ មិនទាន់មានចំនួនច្រើននៅឡើយ នៅក្នុងស្រទាប់អាជីវករ យុវជន ក៏ដូចជាប្រជាពលរដ្ឋ មិនសូវមានអ្នកលេងកីឡានោះទេ ព្រមទាំងអំពាវនាវដល់ស្រទាប់អាជីវករ យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីខ្លួនយើង សុខភាពយើង ។ ឯកឧត្តមបន្ថែមទៀតថា ការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះចាញ់ ចាត់ទុកថាជារឿងធម្មតា និងមិនត្រូវមានចិត្តខឹងស្អប់គ្នានោះទេ ផ្ទុយទៅវិញយើងត្រូវបង្អុលបង្ហាញ់នូវចំណុចខ្វះខាត និងភាពខ្សោយរបស់យើងឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមកីឡាទាំងអស់ ដែលបានចូលរួមប្រកួតនៅថ្ងៃនេះ បានបង្ហាញពីការស្រលាញ់កីឡា កីឡានាំមកនូវសុខភាព មិត្តភាព ហើយវាក៏ជាថ្នាំពេទ្យដ៏ពិសេសសម្រាបសុខភាពយើងផងដែរ។
ឯកឧត្តម ឃឹង នុភាព តំណាងឲ្យក្រុមកីឡាទាំងអស់ ថ្លែងថា នេះគឺជាកត្តាប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពង់ធំ ដែលពីមុនមក យើងមានក្លិប និងធ្លាប់លេងកីឡា ប៉ុន្តែមិនដែលមានការប្រកួតយកពានរង្វាន់ដូចថ្ងៃនេះទេ សូមថ្លែងអំណរគុណដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងមានគំនិតផ្ដួចផ្ដើមនៅក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ ដែលបានបង្កភាពឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ការប្រកួតថ្ងៃនេះ គឺយើងបែងចែកជាពីរក្រុម គឺមានក្រុម A និងក្រុម B នៅក្នុងពូល A យើងមាន ៦ក្រុម ពូល B យើងមាន ៥ក្រុម ដែលមានរយៈពេលប្រកួតពេញមួយថ្ងៃ ។