(រដ្ឋបាលខេត្តកំពង់ធំ)៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម» ឯកឧត្តម ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ(ប្រាក់រៀល)។
ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាព បុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ឯកឧត្តមបន្តថាចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។មូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។
ឯកឧត្តម ងួន រតនៈ បន្តទៀតថា ពិធីទទួលថវិកាសប្បុរសធម៌អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការចូលរួមគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរព្រះគុណនិងសូមអរគុណជាអនេកកប្បការចំពោះព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធី អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក៏ដោយ ។