រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពីធីសម្ពោធទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌៥០គ្រួសារ នៅស្រុកសណ្ដាន់

(រដ្ឋបាលខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្តព្រមទាំងលោកជំទាវ ព្រំ សៀងហុង និងស្វាមីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌ចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលជាអំណោយសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។    

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ហើយដែលយើងបានប្រារព្ធធ្វើពិធីចម្រើនព្រះជន្មពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនគ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួនគឺ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤(ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។     

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបន្ថែមទៀតថាការគៀងគរមូលនិធិ និងធនធានទ្រទ្រង់សកម្មភាពគឺជាយន្តការទទួលខុសត្រូវ លើការងារឆ្លើយតប តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបានប្រសើរ និងគ្រប់គ្រាន់តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តផ្សព្វផ្សាយវិធានការពារជម្ងឺឆ្លងផ្សេងៗ។ បន្តយកចិត្តទុកដាក់ការពង្រីកសមាជិកទ្រទ្រង់គ្រប់ថ្នាក់ ដើម្បីនិរន្តរភាពការងារមនុស្សធម៌។ បន្តយកចិត្តទុកដាក់ការពង្រឹង និងពង្រីកអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម។ តាមរយៈការប្រែប្រួលអាកាសធាតុជាសកល ត្រូវពិនិត្យតាមដានផលប៉ះពាល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីដំណោះស្រាយជាក់ស្តែង។   

គួរបញ្ជាក់ផងដែរថា ក្រោយពីប្រារព្វពិធីចប់ឯកឧត្តម ងួន រតនៈ បានអញ្ជើញកាត់ខ្សែបូរអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្ដាន់ ដែលមានទំហំទំហំ៨ម៉ែត្រ x ៥ម៉ែត្រ ចំំណាយថវិកាអស់ចំនួន២.៤៩០០ដុល្លារ ស្មើនឹង(១០២.០៩០.០០០រៀល)។ ផ្ទះ១ខ្នងមានទំហំ៦ម៉ែត្រ×១៣ម៉ែត្រ ជាអំណោយរបស់លោកជំទាវ ព្រំ សៀងហុង និងស្វាមី។ ក្នុងនោះផងដែរប្រជាពលរដ្ឋចំនួន៥០គ្រួសារដែលមានជីវភាពខ្វះខាត ក្នុង១គ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ក្រម៉ា ឃីត និងថវិកា៥.០០០រៀលផងដែរ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post