រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលរងខេត្តកំពង់ធំ ផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន ដែលនឹងត្រូវយកទៅប្រកួតនៅរាជធានីភ្នំពេញ នាថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧

ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារដឹកនាំទូក ង ខេត្តកំពង់ធំ បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ និងបានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន និងបានណែនាំដល់គណៈកម្មការទូកទំាងអស់ ត្រូវត្រួតពិនិត្យកន្លែងស្នាក់នៅរបស់កីឡាករទូក ព្រមទំាងមើលការខុសត្រូវទៅលើការទទួលទានអារហាររបស់កីឡាករឲ្យបានសមរម្យ។ កិច្ចប្រជុំនេះ មានការចូលរួមមាន លោកអភិបាលក្រុងស្រុកពាក់ព័ន្ធ កងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ និងតំណាងគណៈកម្មាធិការទូកនីមួយៗ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ៕

ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កនូវភាពសប្យាយរីករាយ ប្រកបដោយសេក្តីថ្លៃថ្នូរ ក្នុងព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ តាមទំនៀមទម្លាប់ប្រពៃណីជាតិយើង ឲ្យមានលក្ខណៈល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ សូមឲ្យក្រុមកីឡាករទូកទំាងអស់ មុនពេលប្រណាំងត្រូវស្លៀកពាក់អាវកីឡាករដែលអាជ្ញាធរបានចែកជូន មិនត្រូវអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានផ្សេងឡើយ ធ្វើយ៉ាងណាឲ្យពិធីបុណ្យអុំទូកនេះ មានសោភ័ណ្ឌភាពតាមលក្ខណៈទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិ និងលក្ខណៈសម្បត្តិល្អ។

ម្យ៉ាងវិញទៀត ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងក្រុម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ត្រូវរក្សាអនាម័យ និងបរិស្ថាននៅកន្លែងស្នាក់នៅឲ្យបានខ្ជាប់ខ្ជួន រក្សាសេចក្តីថ្លៃថ្នូរ គោរពដៃគូប្រគួត មិនត្រូវប្រើសំដីផ្លែផ្កាឌឺដងដាក់គ្នាជាហេតុនាំឆ្ពោះទៅរកអំពើហឹង្សា ហាមដាច់ខាតសេពគ្រឿងស្រវឹង គ្រឿងញៀន ត្រូវគោរពពេលវេលា គោរពវិន័យ និងស្តាប់តាមការណែនាំរបស់ប្រធានក្រុម ព្រោះរឿងឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់នោះទេ។

ក្នុងនោះដែរ ទូកដែលត្រូវយកទៅប្រកួតនៅភ្នំពេញមានចំនួន ១៨ទូក រួមមាន ទូកវែង ចំនួន ១២ទូក ទូកមួងបុរស ចំនួន ០២ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ៤ទូក ដែលមានកំលំាងអុំពិត ចំនួន ១០៤៣នាក់ កំលំាងត្រៀម ចំនួន ២១៣នាក់ សរុបកំលំាងទំាងអស់ មានចំនួន ១២៥៦នាក់ ផងដែរ៕

Related Post