រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ យកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ថ្លែងថាការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម និងការអនុវត្តផែនការសកម្មភាពថវិការបស់ ផ.អ.៣ ពិតជាមានសារសំខាន់ណាស់ក្នុង ការជួយបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគ ឃុំ សង្កាត់ និងក្រុង ស្រុក។

ឯកឧត្តម ថ្លែងយ៉ាងដូច្នេះបន្ទាប់ពីការរាយការណ៍អំពីរបាយ ការណ៍របស់ទីប្រឹក្សាស្រុក អភិបាលរងស្រុក មន្ទីរអង្គភាពស្តីអំពីការអនុវត្តផែនការគណនេយ្យភាព សង្គមក្នុងស្រុកគោលដៅទាំងប្រាំមួយ និងបញ្ហាប្រឈមនៃរយៈពេលក្នុងការអនុវត្តគម្រោង នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទីបី ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម និងការអនុវត្តផែនការ សកម្មភាព ថវិការបស់ ផ.អ.៣​ ឆ្នាំ២០១៧ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ឯកឧត្តម មានប្រសាសន៍ដោយលើកឡើងថា ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ពិតជាមានសារសំខាន់ដ៏ពិតប្រាកដចំពោះការរស់នៅ របស់ពួកគាត់ជាពិសេសងាយស្រួលក្នុងការស្វែងរកការផ្តល់សេវាសាធារណៈ នៃតម្រូវការរបស់ពួកគាត់ដូច្នេះ ក្នុងនាមយើងជាមន្ត្រីរាជការក្តី អង្កការដៃគូរអនុវត្តគម្រោងក្តីត្រូវជួយបញ្ជ្រាបចំណេះដឹងដល់ ប្រជាពលរដ្ឋឲ្យមានការយល់ដឹងនៅរាល់មានកម្មវិធីប្រជុំផ្សេងៗ ទាំងវេទិការសាធារណៈ ឬវេទិការ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងស្រុក។​ ចំពោះជនបង្គោលត្រូវជម្រុញសកម្មភាពគាត់ជាប្រចាំព្រោះ គាត់គឺជាអ្នកនៅផ្ទាល់ជាមួយសហគមន៍ និងធ្វើការចុះអប់រំ រួមទាំងផ្សព្វផ្សាយបន្ថែមទៀតលើគណនេយ្យ ភាពសង្គម។

ឯកឧត្តមបន្តដោយសង្កត់ធ្ងន់ថា ការអនុវត្តផែនការសកម្មភាព ថវិកា ត្រូវមានតម្លាភាព និងសុក្រឹត្រភាព ហើយផែនការទាំងនោះទៀតសោតត្រូវឆ្លើយតបទៅនឹងតតម្រូវការ និងភាពចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងគោលបំណងបំពេញសេចក្តីត្រូវការ ព្រមទាំងធ្វើការកែលម្អ នូវសកម្មភាពរបស់ខ្លួនជាការចាំបាច់ រីឯបញ្ហាដែលសេសសល់ដែលមិនទាន់អនុវត្តត្រូវបន្តអនុវត្តឲ្យបានតាមកាលកំណត់​ ជាពិសេសសកម្មភាពដែលបានអនុវត្តក្តី មិនទាន់បានអនុវត្តក្តីត្រូវលើកយកមកធ្វើការបង្ហាញ ជាសារធារណៈឲ្យបានដឹងទាំងអស់គ្នា ទាំងនៅវេទិការសាធារណៈឬវេទិការពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាក្រុងស្រុកជាដើម។

Related Post