រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណអធិបតី ក្នុងកិច្ចប្រជុំឆ្លុះបញ្ចំាង ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមជាង ៣០០នាក់។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងឆ្លុះបញ្ចំាងអំពីសមិទ្ធិផល និងបញ្ហាប្រឈម នៃការអនុវត្តន៍គម្រោងមូលនិធិឃុំសង្កាត់ ការកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគ ការរៀបចំ និងអនុវត្តថវិកាឃុំសង្កាត់ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ពិភាក្សាអំពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្ត នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយពីក្រុមការងារបានធ្វើបទបង្ហាញយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា៖ កាលពីឆ្នាំ២០១៦ គម្រោងមូលនិធិឃុំសង្កាត់ អនុវត្តបានល្អប្រសើរ ដោយឡែកក្នុងឆ្នាំ២០១៧នេះ នៅតាមរដ្ឋបាលឃុំសង្កាត់ មានការផ្លាស់ប្តូរមេឃុំ សមាជិកក្រុមប្រឹក្សាឃុំមួយចំនួន ធ្វើឲ្យការងារនៅតាមឃុំសង្កាត់មួយចំនួនជួបនូវបញ្ហាខ្លះ ដូច្នេះ សូមក្រុមការងារទំាងអស់ ទំាងថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវបង្កើននូវសាមគ្គីភាព ត្រូវចេះសហការគ្នា ខិតខំធ្វើការងារ និងបែងចែកមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ចុះទៅជួយនៅតាមបណ្តាឃុំសង្កាត់ទំាង ៨១ឃុំសង្កាត់ ចុះដល់មូលដ្ឋាន ដើម្បីរួមគ្នាធ្វើការងារគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧នេះ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ម្យ៉ាងវិញទៀត សូមលោក លោកស្រីដែលទើបជាប់ឆ្នោតថ្មីៗនេះ ត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ ជាពិសេសលើសេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព តម្លាភាព ដោយមានការជឿទុកចិត្តពីអ្នកទទួលយកសេវា នៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មិនត្រូវប្រកាន់និន្ននានយោបាយអ្វីឡើយ។

ឯកឧត្តមបន្ថែមទៀតថា ប្រទេសកម្ពុជាអាចរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បានមកដល់ថ្ងៃនេះ មិនមែនជាការងាយស្រួលនោះទេ គឺលះបង់ពលីកម្មច្រើនណាស់។ បើផ្អែកតាមប្រវត្តិសាស្ត្រកន្លងមក ប្រទេសកម្ពុជា មិនដែលទទួលបានសុខសន្តិភាពពេញលេញទេ ដូច្នេះសូមបងប្អូនទំាងអស់គ្នា ចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងតទៅទៀត ដើម្បីអនាគតកូនចៅយើង។

ក្នុងនោះឯកឧត្តមបានបញ្ជាក់ អំពីការកែអត្រានុកូលដ្ឋាន ដែលក្រសួងមហាផ្ទៃបានដាក់ចេញ នៅលក្ខខណ្ឌមួយចំនួនដែលអាចកែបាន និងបានចាត់អោយក្រុមការងារក្រុងស្រុក ឃុំសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីពន្យល់លំអិត អំពីការកែអត្រានុកូលដ្ឋាននេះ ឲ្យពួកគាត់បានយល់កាន់តែច្បាស់ ស្របតាមលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃផងដែរ៕

Related Post