រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាកសិករ យកចិត្តទុកដាក់ទៅលើការដំាបន្លែគ្មានជាតិគីមី

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យកសិករទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ទៅលើដាំដំណាំបន្លែដែលមានសុវត្ថិភាព ពោលគឺបន្ថែដែលគ្មានជាតិគីមី ដើម្បីជំរុញឲ្យការដាំបន្លែនៅកម្ពុជា កាន់តែមានសុវត្ថិភាព ដើម្បីលើកកំពស់សុវត្ថិភាពបន្លែ សំរាប់ទីផ្សារនៅប្រទេសកម្ពុជា ការអំពាវនាវយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុងពិធីបើកផ្សារណាត់​បន្លែមានសុវត្ថិភាព ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយអគ្គនាយកដ្ឋាន នៃគម្រោងជំរុញផលិតកម្មស្បៀង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា «ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាកសិករឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងរៀបចំដាក់តាំងលក់បន្លែ ដែលគ្មានជាតិគីមី ប្រកបដោយគុណភាព និងសុវត្ថិភាពត្រឹមត្រូវ នៅរៀងរាល់ថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូប ដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ព្រោះបើយើងមានសុខភាពល្អ នោះយើងជាមនុស្ស ដែលទ្រព្យសម្បត្តិមហាសាល តែបើសុខភាពមិនល្អហើយវាធ្វើឲ្យបាត់បង់គ្រប់យ៉ាង។ ការបរិភោគដំណាំបន្លែ គឺគេហូបឆៅ ហើយត្រូវនៅស្រស់ៗ ខុសពីដំណាំស្រូវ អង្ករ ពោត សណ្ដែក ស្វាយចន្ទី ដែលអាចទុកបានរយៈពេលយូរជាងដំណាំបន្លែ ដូច្នេះសូមបងប្អូនប្រជាកសិករ យកចិត្តទុកដាក់លើ ការដាំបន្លែគ្មានជាតិគីមី ហើយឥឡូនេះ មន្ទីរកសិកម្មខេត្ត បានបង្កើតទីផ្សាបន្លែសុវត្ថិភាព ឲ្យប្រជាកសិករលក់ដូរ នៅនឹងបរិវេណមន្ទីរកសិកម្មនេះតែម្តង ធ្វើឲ្យជីវភាពបងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូធារច្រើនជាងមុន។

ចុងបញ្ចប់ ឯកឧត្តម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ សូមចូលរួមគាំទ្រ និងទិញផលិតផលបន្លែសុវត្ថិភាព យកទៅទទួលទាន  ដើម្បីសុខភាពយើងទាំងអស់គ្នា៕

Related Post