រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋនៅឃុំងន ទទួលបានស្ថានីយ៍ផលិតទឹកស្អាត ដែលចំណាយអស់ទឹកប្រាក់ ១៨ម៉ឺនដុល្លាអាមេរិក

ស្ថានីយ៍ផលិតទឹកស្អាតមួយកន្លែង ស្ថិតក្នុងសាលាបឋមសិក្សាងន ឃុំងន ស្រុកសណ្តាន់ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ឯកឧត្តម លឹម ពុយ មានប្រសាសន៍លើកឡើងថា ក្រោមគំនិតគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូន ជាពិសេសផ្នែកសុខភាព បានសហការជាមួយម្ចាស់ជំនួយ ជាពិសេសដោយទទួលបានការគាំទ្រអាជ្ញាធរខេត្ត ស្រុក មានគម្រោងបង្កើតស្ថានីយផលិតទឹកស្អាត ដែលចំណាយអស់ ១៨ម៉ឺនដុល្លាអាមេរិក ប្រកបទៅដោយគុណភាព ដើម្បីផ្គត់ផ្គង់ចែកចាយដល់ប្រជាជនរស់នៅឃុំងន ស្រុកសណ្តាន់ អាចស្តុបទឹកបាន១ថ្ងៃ ៥០ម៉ែត្រគូប។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយប្រទេសបារំាង ក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយសាងសង់ស្ថានីយ៍ផលិតទឹកស្អាតនេះ ដើម្បីកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ព្រោះថា ទឹកគឺជាប្រភពនៃជីវិត។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទំាងអស់ ធ្វើយ៉ាងណាផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ដើម្បីបញ្ជៀសជំងឺឆ្លងផ្សេងៗ។

ម្យ៉ាងវិញទៀត ស្ថានីយ៍ផលិតទឹកស្អាតនេះ គឺជារបស់បងប្អូនប្រជាពលរដ្ឋទំាងអស់គ្នា ដូច្នេះសូមគណៈកម្មការ ក៏ដូចជាប្រជាពលរដ្ឋទំាងអស់ ត្រូវចូលរួមថែរក្សា ការពារទំាងអស់គ្នា និងប្រើប្រាស់ទឹកស្អាតនេះ ដោយមានការសន្សំសំចៃ ឲ្យមាននិរន្តភាព និងមានភាពយូរអង្វែងតទៅទៀត៕

Related Post