រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំរបស់ក្រុុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីបន្តដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ធ្វើយ៉ាងណាសម្រេចលទ្ធផលឲ្យមានប្រសិទ្ធភាព។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ គ.ស ២០១៧ នៅរដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក និងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ។

ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផល នៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើង ពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស រួមមាន៖
១-បញ្ហាដីធ្លី
២-ជំរុញដំណើរការបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើ នៅឃុំចុងដូង ស្រុកបារាយណ៍ផងដែរ ដើម្បីផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន
៣-ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនទើបគ្រប់អាយុ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ គឺសំដៅឆ្ពោះទៅការបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំ២០១៨ នាពេលខាងមុខ
៥-ការជំរុញពិនិត្យ និងដោះស្រាយនូវសំណូមពរ របស់ប្រជាពលរដ្ឋ ដែលទាក់ទង នឹងការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្សជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយ នូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅតាមមូលដ្ឋានក្រុង-ស្រុកទាំង០៨ អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើអោយប្រជាពលរដ្ឋមូលដ្ឋានមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន៕

 

Related Post