ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីភាព ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅសាសប្រជុំសាលាខេត្តកំពង់ធំ មានប្រធាន អនុប្រធានមន្ទីរ អង្គភាព ដែលជានារី ចូលរួមយ៉ាងអធឹកអធម នារសៀលថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០១៩ នេះ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរ ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ក្រុងស្រុក ដែលបានរួមគ្នា ប្រារព្វពិធី ខួបលើកទី១០៨ នារីអន្តរជាតិ ៨ មិនា ឆ្នាំ ២០១៩ នេះឡើង និងបាន ប្រារព្វឡើងជារៀងរាល់ឆ្នាំ ។ ក្នុងនោះមិនមែនមានសេចក្តីថា សិទ្ធិនារី មានតែមួយថ្ងៃនោះទេ តែវាគឺជាខួប១០៨ ឆ្នាំនៃទិវានារីអន្តរជាតិ ដូច្នេះយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ស្រ្តី ។ នៅកន្លែងធ្វើការនីមួយៗ ស្រ្តីបានដើរតួនាទីស្មើរនឹងបុរស ចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យតាមមន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យបាន ស្អិតរមួត ដែលការសាមគ្គីនេះ គឺធ្វើឲ្យយើងទទួលបានជ័យជំនះ ។ គ្មានជ័យជំនះណាដែលមិនមានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនោះទេ កន្លងមកនេះដោយសារយើងបានរួមគ្នាធ្វើការងារជាច្រើនរហូតទទួលបានស្នាដៃ តែបើសិនជាគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីទេ ក៏មិនបានជោគជ័យនោះដែរ ជាពិសេសនារីដែលធ្វើការនៅកន្លែងធ្វើការក្តី ឬធ្វើការនៅផ្ទះ ថែរទាំកូនចៅក្តី ក៏មានតំលៃស្មើរនឹងធ្វើការរាជការ ឬធ្វើការខាងក្រៅដែរ ដែលជាការបំពេញតួនាទីដ៏សំខាន់ក្នុងការលើកទឹកចិត្ត ស្វាមី បង ប្អូន និងបានចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំសុវត្តិភាព ដែលឆ្នាំនេះគឺទទួលបានជោគជ័យ ដោយពុំមានឃុំ សង្កាត់ណាធ្លាក់លេខនោះឡើយ ដែលជាលទ្ធផលល្អជាងឆ្នាំកន្លងទៅ ។
ចុងក្រោយ ឯកឧត្តម សុខ លូ និងលោកជំទាវ បានប្រគល់នូវបាច់ផ្កាជូនដល់លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុក ជានារី ព្រមទាំងថតរូបជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយបំផុត ។