ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង២គឺ ប្រទេសឥណ្ទូនេស៊ី និងប្រទេសកម្ពុជាអោយកាន់តែរឹងមាំនិងយូរអង្វែងទៀតនោះ ឯកអគ្គរាជទូតឥណ្តូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ បញ្ចុះបឋមសិលាសាងសង់ស្តូបអនុស្សាវរីយ៏ មិត្តភាពកម្ពុជា-ឥណ្ទូនេស៊ី ថ្មីមួយកន្លែងទៀត ស្ថិតនៅចំនុចផ្លូវវៀង ច្រមុះជ្រូកកំពង់ថ្ម ផ្លូវជាតិលេខ៦ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបមិត្តភាព កម្ពុជា-ឥណ្តូនេស៊ី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ ឯកអគ្គរាជទូតឥណ្តូនេស៊ី ប្រចាំនៅកម្ពុជា មានប្រសាសន៏ថា វត្តមានកងទ័ពរបស់ប្រទេសឥណ្តូនេស៊ីនៅកម្ពុជាមានរយៈពេលជាង២៦ឆ្នាំមកហើយ គឺចាប់ពីសម័យអ៊ុនតាក់ឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះ កងទ័ពឥណ្តូនេស៊ី បានឈរជើងនៅក្នុងទឹកដីខេត្តកំពង់ធំ ជាង២០ឆ្នាំហើយដែរ ហើយជាបន្តទៅទៀតនេះ ឥណ្តូនេស៊ីនិងកម្ពុជា នៅតែបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាពយូរអង្វែង ជាពិសេស កងទ័ពឥណ្តូនេស៊ី និងរំលឹកដល់វីរៈភាពកងទ័ពនៃប្រទេសទាំងពីរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៏ថា អាជ្ញាធរខេត្ត បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះវត្តមានកងទ័ពប្រទេសឥណ្តូនេស៊ី នៅកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានចំណាយពេលវេលា បន្តបេសកម្ម មកជួយការពារសន្តិសុខកម្ពុជា ព្រមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយអោយកម្ពុជាមានសុខសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិតែមួយ ដូច្នេះអាជ្ញាធរខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ របស់ឯកអគ្គរាជទូត ប្រទេសឥណ្តូនេស៊ី បានផ្តល់ទីតាំង សម្រាប់សាងសង់ស្តូបអនុស្សាវរីយ៏ ជាចំណងមិត្តភាព រវាងប្រទេសទាំងពីរ គឺកម្ពុជានិងឥណ្តូនេស៊ី ដែលនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមីនាឆ្នាំ២០១៩នេះ ក្រោមការចំណាយភាគីឥណ្តូនេស៊ី ដោយអាជ្ញាធរខេត្តនឹងជួយសម្រួល ធ្វើសួនច្បារ ដាំផ្កា លំអរ ដើម្បីឲ្យកាន់តែមានសោភ័ណភាព ស្រស់ស្អាត ជាពិសេសផ្តល់ភាពសាកសមដល់វីរៈភាពកងទ័ព នៃប្រទេសទាំងពីរ និងងាយស្រួលដល់បងប្អូនជនជាតិខ្មែរឥស្លាមអាចមកគោរពវិញ្ញាណក្ខន្ធកងទ័ពផងដែរ ៕