(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៤ រួមមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣.ពិនិត្យ និងអនុម័ត សេចក្តីសម្រេចដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
៤.បញ្ហាផ្សេងៗ
របៀបវារៈទាំងបួនខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធាក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់មន្ត្រីជំនាញពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់ បញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ករណីល្បែងស៊ីសង និង សុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ហាផ្លូវថ្នល បញ្ហាស្លាកសញ្ញាចរាចរណ៍ផងដែរ ។ លើសពីនេះទៀតឯកឧត្តមប្រធានបន្តទៀតថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងអប់រំយុវជននិងកីឡា បើកបវេសនកាលសិក្សាឡើងវិញ នៅគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ដែលតម្រូវឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាល ត្រូវធ្វើការផ្សព្វផ្សាយអំពីធីសាស្រ្តក្នុងការការពារនៃការឆ្លងនូវជំងឺកូវីដ១៩ ដែលជាជម្ងឺមួយដ៏កាចសាហាវ កំពុងតែរីករាលដាលនៅលើពិភពលោក ពុំទាន់មានថ្នាំព្យាបាលនោះទេ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានការព្រួយបារម្ភចំពោះសិស្សានុសិស្សដែលត្រូវចូលបវេសនកាលសិក្សាឡើងវិញនៅពេលនេះ ព្រមទាំងសំណូមពរដល់លោកគ្រូអ្នកគ្រូគ្រប់កម្រិតទាំងសាលារដ្ឋនិងឯកជន សូមអនុវត្តយ៉ាងតឹងរឹង នូវិធានការទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗ ពីរបៀបអនាម័យឱ្យបានស្អាតជាប់ជានិច្ច និង ការវាស់កម្តៅ ព្រមទាំងពាក់ម៉ាស់បានត្រឹមត្រូវ ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង សមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសអង្គភាពពាក់ព័ន្ធត្រូវធ្វើការពង្រឹងបន្ថែមទៀត អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ ជាដើម ដើម្បីរួមគ្នាគោរពច្បាប់ចរាចរណ៍និងកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។