(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ចលោកឧត្តម សេនីយទោ ម៉ែន លី ពីស្នងការខេត្តឧត្តរមានជ័យ មកកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យលោកស្នងការថ្មី បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវសហការល្អជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាពិសេស ខិតខំដឹកនាំអង្គភាពបានរលូនដើម្បីចូលរួមចំណែក ការពារសន្តិសុខសង្គម ការពាររាជរដ្ឋាភិបាល ហើយប្រធានអង្គភាពជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ។
ឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន បានដាស់តឿនដល់ស្នងការថ្មី ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវអនុវត្តន៏ខិតខំប្រឹងប្រែងប្តេជ្ញាតាមការសន្យា។ ម្យ៉ាងវិញទៀត នគរបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ ចេះចែករំលែកការងារគ្នា ធ្វើទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងនោះនោះឯកឧត្តមបានដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋហើយប្រធានអង្គភាពត្រូវគិតគូពីការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិន័យការងារនិងមានគុណធម៌ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង លុបចោលជម្ងឺតួឯក ដណ្តើមមុខមាត់ ស្នាដៃ និងត្រូវដោះស្រាយបញ្ហាតាមវិន័យ តាមច្បាប់ ។