(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលចំនួន ២៤៧ គ្រួសារ ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិត្រពាំងព្រីង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព រួមទាំងកងកម្លាំងទាំងបីប្រភេទ។
ថ្លែងក្នុងពិធីនោះដែលឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងទាំង បីប្រភេទ ដែលស្វាហាប់ប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ជួយជញ្ជូនសម្ភារៈនិងស្បៀងអាហារ ចម្លងទឹកស្ទឹង ទៅដល់គោលដៅ ចែកអំណោយដោយសុវត្ថិភាព ទោះត្រូវធ្វើដំណើរផ្លូវប្រកបដោយសែនលំបាក ដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែង ដោយយើងបានប្រើប្រាស់នូវមធ្យោបាយ គោយន្ត កាណូត និងកម្លាំងថ្មើរជើង។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត គេងក្នុងមុង ហូបស្អាត ផឹកទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។
ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ បងប្អូនប្រជាពរដ្ឋ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរ ចំពោះចំពោះមុខ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ខណៈ ពេលដែល ទទួលរងគ្រោះ ដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន ដោយមិនទុកឱ្យបងប្អូនប្រជាពរដ្ឋ ណារងគ្រោះអត់អាហារដោយមិនបានដឹងឮពីអាជ្ញាធរនោះឡើយ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះរួមមាន: អង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ៕