(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មកចែកជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៤ គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ បានបង្កអោយមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា និងស្ថាប័នដទៃទៀត ព្រមទាំងសប្បុរសជននានា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្តកំពង់ធំ។
លើសពីនេះឯកឧត្តម សុខ លូ បានជម្រុញអោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ត្រៀមលក្ខណៈ ស្រង់ស្ថិតិបងប្អូនដែលទទួលរងផលប៉ះពាល់ខូចខាត ដើម្បីស្នើសុំពូជទៅរាជរដ្ឋាភិបាលកម្ពុជា យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផល និងបន្តការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីទឹកស្រក ព្រមទាំងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ មើលថែចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខ អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ហើយកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឱ្យរូបឯកឧត្តម នាំមកនូវ ព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ៥៩៤គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ។
ឯកឧត្តម គុយ សុផល បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានខិតខំចុះមូលដ្ឋានជួយប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ បានទាន់ពេលវេលា ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយទាំងអស់ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។
សូមបញ្ជាក់ថា៖ ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រ ចំនួន ៥៩៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ១ បាវ ៥០គីឡូក្រាម, ឃីត ១កញ្ចប់ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១កេស, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ ១ផ្ទាំង, សាប៊ូ ៥ដុំ ,អាវយឺត ១ និងថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ៕