(រដ្ឋបាលខេត្តកំពង់ធំ): សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំខួប ៦៦ឆ្នាំ ទិវាកំណើតកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានប្រវត្តិនៃការកកើតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរួចមក ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមអំពីរបត់នៃប្រវត្តិសាស្ត្រ និងការដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានជួយក្នុងវិស័យការងារមនុស្សធម៌ ជួយជនរងគ្រោះ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីផ្ទុកមេរោគអេដស៍ ជាដើម។
លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះមន្ត្រីបង្គោល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហម យុវជនសសយក ក្រុមកាយរឹទ្ធិ អ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករ ជាកម្លាំងចលករ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិស័យការងារមនុស្សធម៌នេះ ឈានដល់កម្រិតអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ទាំងនៅថ្នាក់កណ្ដាលសាខា និងអនុសាខា។ ហើយនៅព្រឹកនេះដែរយើងក៏មានការបំពាក់នូវកន្សែង មួក និងឯកសណ្ឋាន ជូនដល់យុវជនស្ម័គ្រចិត្តចំនួន ១០៨ នាក់ គឺជាកម្លាំងស្នូលដែលយើងមិនអាចខ្វះបាន ដូច្នេះសូមក្មួយក្មួយៗ ខិតខំយកចិត្តទុកដាក់ ពង្រឹងស្មារតីជាចំហរ ធ្វើការងារមនុស្សធម៌នេះ ដើម្បីជួយជាតិមាតុភូមិក្នុងនាមជាយុវជនកាកបាទក្រហម ដោយមិនមានទទួលបានប្រាក់កម្រៃឬផលប្រយោជន៍ណាមួយនោះទេ។
ឯកឧត្តមបន្ថែមទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាចធ្វើសកម្មភាពគ្រប់ទីកន្លែងបានដោយសារការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ាសប្បុរសជន នានា ទាំងអស់ក្នុងខេត្តនិងក្រៅខេត្ត ដែលបានផ្ដល់ជាថវិកានិងសម្ភារៈ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ សម្រាប់ជួយដល់ លោកតាលោកយាយពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។
ឯកឧត្តម សុខ លូ បានអំពាវនាវ ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឲ្យមានការចូលរួមការពារទប់ស្កាត់ការជួញដូរ និងចែកចាយគ្រឿងញៀន ហាមមិនឲ្យក្មួយៗទាំងអស់សាកល្បង ប្រើប្រាស់គ្រឿងញៀន នោះទេព្រោះគ្រឿងញៀនបានបំផ្លាញអនាគតគ្រួសារ និងបំផ្លាញសង្គមជាតិ។
ឯកឧត្តម សុខ លូ បានសំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរយានយន្តសូមឲ្យពាក់ខ្សែក្រវាត់ពាក់មួកសុវត្ថិភាព និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕