(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះពិនិត្យសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ធំ និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលនឹងប្រែក្លាយទៅជាមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល បណ្ដោះអាសន្ន ។
នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថាដោយសារស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល ហើយបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក មានការកើនឡើង ដូច្នេះក្នុងនាមអាជ្ញាធរខេត្តគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តធ្វើការរៀបចំបន្ថែមមណ្ឌលធ្វើចត្តាឡីស័ក និងជាមណ្ឌលព្យាបាលកម្រិតស្រាលផងដែរ ចំនួន ២កន្លែងបន្ថែមទៀត ដើម្បីសម្របសម្រួលនៃការធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានការឆ្លងនូវជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានណែនាំក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យគ្រប់គ្រងបងប្អូនក្នុងមណ្ឌលឲ្យបានល្អត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។