(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារ អំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ធំ ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា នៅសាលាខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់អភិបាលខេត្តកំពង់ធំ ដែលបានគាំទ្រពេញទំហឹង នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តិទៅបានរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លើសពីនេះទៀតលោកជំទាវបណ្ឌិតក៏បានជំរុញដល់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់នៃការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលមានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការថែទាំសុខភាព ការរស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានមតិស្វាគមន៍នៃការធ្វើដំណើរបេសកកម្មរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានចុះមកបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ធំនៅពេលនេះ ព្រមទាំង សូមគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ ហើយរហូតមកដល់ពេលនេះ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា ចំពោះដំណើរការ នៃការចាក់វ៉ាក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តទៅបានរលូន ទៅមុខយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។