(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ផូង វណ្ណ ជាប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសឯកឧត្តម លាង សួរ បានផ្ទេរភារកិច្ចតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ អបអរសាទរចំពោះ ឯកឧត្តម ផូង វណ្ណ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ ធំនាពេលនេះ។ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង បន្តបេសកកម្មដឹកនាំសាលាដំបូងខេត្ត បម្រើសេវាយុត្តិធម៌ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅចំពោះមុខអង្គពិធី ឯកឧត្តម កើត រិទ្ធ ថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារ ក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ចំពោះឯកឧត្តម លាង សួគ៌ ដែលបានដឹកនាំសាលាដំបូងខេត្តកំពង់ធំជាច្រើនឆ្នាំកន្លងមកនេះ ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋាន ជាពិសេសចុងក្រោយនេះគឺការអនុវត្តបានដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌក្នុងអង្គភាពបានល្អ ដែលបានដាក់ចេញដោយសួងយុត្តិធម៌កន្លងទៅ ។
លើសពីនេះទៀតឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណ ដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តកំពង់ធំនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក និងសូមឲ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ធំដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូននិងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃនិងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឲ្យវិស័យយុត្តិធម៌ទាំងមូល ។