(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវព្រមទាំង សហការី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីរាជការ បានអញ្ជើញប្រគេន ទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន១១វត្ត ដែលមានទីតាំងនៅវត្តឥន្រ្ទីយសវរៈ (ហៅវត្តកំពង់ធំ)ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។
ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រារព្វឡើងក្នុងគោលបំណងបង្ហាញពីការបំភ្លឺនៅបញ្ញាដល់ព្រះសង្ឃ ពិសេសគឺការរៀនសូត្ររបស់ព្រះសង្ឃនៅក្នុងវត្តអស់រយៈពេលបីខែពុំនិមន្តទៅណាបានឡើយ។ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា។
សូមបញ្ជាក់ផងថា ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវ ទៀនវស្សា គ្រឿងឧបភោគនិងបច្ច័យមួយចំនួនប្រគេនក្នុង១វត្តទទួលបាន÷ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច និងសម្ភារៈមួយចំនួនទៀតផងដែរ។