(រដ្ឋបាលខេត្តកំពង់ធំ): សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ និងអភិបាលរងខេត្ត ២រូបថែមទៀត ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការអបអរសាទរចំពោះការប្រកាសចូលកាន់មុខតំណែងថ្មីនេះ។ សម្តេចក្រឡាហោមបន្ថែមទៀតថា អភិបាលខេត្តថ្មីនេះ ជាមន្ត្រីមានសមត្ថភាព និងបទពិសោធន៍គ្រាន់ក្នុងការដឹកនាំ ដោយធ្លាប់ឆ្លងកាត់កាន់មុខតំណែងជាអភិបាលរងខេត្តកណ្ដាលជិត ៨ឆ្នាំ និងមានបទពិសោធន៍ការងារជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកក្រុង និងឃុំសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមផ្ដល់ការគាំទ្រដល់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារថ្មី បញ្ចេញនូវសមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីបន្តអភិវឌ្ឍបន្ថែមទៀតនូវសមិទ្ធផលនានាបន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមុនសម្រេចបាន ធ្វើយ៉ាងណាឲ្យទឹកដីខេត្តព្រះវិហារ កាន់តែមានការរីកចម្រើនថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានផ្តល់ជាមតិយោបល់មួយចំនួន ដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ត្រូវចូលរួមថែរក្សានូវកត្តាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរបន្តទៀត ជាពិសេសអនុវត្ដនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យតែកាន់ល្អប្រសើរ ខិតខំដោះស្រាយសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ខិតខំបន្តទំនាក់ទំនងសហប្រតិបត្តិការល្អរវាងអាជ្ញាធរដែនដី ជាមួយនឹងកម្លាំង ដែលឈរជើងនៅតាមព្រំដែន ដើម្បីរួមគ្នាការពារបូរណភាពទឹកដី ឯកភាពជាតិ ក៏ដូចជាការពារការប្រឆាំងនូវបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចក្រឡាហោម ឯកឧត្តម គីម រិទ្ធី ដែលទើបទទួលបានការតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្ត ដូចខាងក្រោម ៖ ប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដោយរក្សាសន្តិភាព មិនអនុញ្ញាតឲ្យកម្លាំងអនាមិកណាមួយមកបង្ករភាពអសន្តិសុខ បង្អាក់ដំណើរការដឹកនាំអភិវឌ្ឍន៍ជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ ប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនៅកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ផ្ដល់នូវកិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងខិតខំជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា ជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនា ខិតខំកែលម្អភាពអសកម្មនានាដែលធ្វើឲ្យប៉ះពាល់ដល់ការថ្នាំងថ្នាក់ប្រជាពលរដ្ឋ និងជំរុញការបម្រើសេវាសាធារណៈ ឲ្យខិតជិតប្រជាពលរដ្ឋ តាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ ប្តេជ្ញាបន្តសហការបានល្អជាមួយថ្នាក់ដឹកនាំក្នុងរចនាសម្ព័នរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទ។