(រដ្ឋបាលខេត្តកំពង់ធំ) ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំអនុវត្តក្នុងការរៀបចំបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ មានរៀបចំព្រឹត្តិការណ៍តាំងពិពណ៌ យកពីផលិតផលទាំងឡាយដែលកើតមានតាមដងទន្លេ និងផលិតផលកសិកម្មក្នុងស្រុក កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងទស្សនាទស្សនីយ៍ភាពវប្បធម៌ ដូចជា ការប្រកួតកីឡា (កីឡាប្រដាល់ ប៊ូល រត់ប្រណាំង…) ពិធីដាំដើមឈើ (ជាសួនទេសចរណ៍) ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ កម្មវិធីសំណេះសំណាលជាមួយសហគមន៍ផាត់សណ្តាយ និងសកម្មភាពផ្សេងៗទៀតជាច្រើន។