(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ផ្សព្វផ្សាយវេទិកាដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំមារិទ្ធិ ស្រុកសណ្ដាន់ ស្ដីពីការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ព្រមទាំងជំរុញឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើដីវាល ដែលប្រជាពលរដ្ឋបាននឹងកំពុងអាស្រ័យផល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ព្រំប្រទល់ដី និងចំនួនឆ្នាំនៃការកាន់កាប់ដី ដើម្បីរួមគ្នាដោះស្រាយ ឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ។
នៅក្នុងវេទិកា បងប្អូនប្រជាពលរដ្ឋចំនួន១៨នាក់ បានលើកឡើងស្រដៀងគ្នាអំពីបញ្ហាប្រឈមចំពោះដី ដែលបានអាស្រ័យផល ដោយសារដីរបស់ពួកគាត់មិនមានប្លងកម្មសិទ្ធិព្រោះស្ថិតនៅដីតំបន់គម្របព្រៃឈើឆ្នាំ ២០០២ ព្រៃសហគមន៍ ធ្វើឲ្យការស្រ័យផលរបស់ពួកគាត់មានការភ័យខ្លាច ដោយសារមន្ត្រីជំនាញបានទៅការពារមិនអនុញ្ញាតឲ្យអាស្រ័យផលទៀតឡើយ។
ឆ្លើយតបជាមួយប្រជាពលរដ្ឋឯកឧត្តម ងួន រតនៈ បញ្ជាក់ថាចំពោះដីដែលបងប្អូនធ្លាប់កាន់កាប់ និងអាស្រ័យផល ជាយូរហើយ សូមបន្តថែទាំផលដំណាំបន្តទៀត និងមិនត្រូវមានការកាប់រុករានដីព្រៃបន្តទៀតនោះទេ ហើយចំពោះដីដែលមានទំនាស់ និងដីដែលស្ថិតនៅក្នុងការហាមឃាត់របស់អាជ្ញាធរ មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សាស្វែងយល់ អំពីបញ្ហាដីធ្លីនេះដើម្បីរួមគ្នាដោះស្រាយឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីយើងធាតុចូលបន្ថែមក្នុងការរកយន្តការដោះស្រាយឲ្យមានប្រសិទ្ធភាព។
ឯកឧត្តមបន្តថាមន្ត្រីជំនាញទាំងអស់មិនត្រូវទៅរំខានដល់បងប្អូនដែលបានអាស្រ័យផលនោះទេ ប៉ុន្តែហាមផ្ដាច់ខាតការបន្ថែមកន្ទុយដីដែលនៅសល់ព្រៃតិចតួច សូមឱ្យបងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាលនិងមន្ត្រីជំនាញ មានការសហការនិងមានភាពស្មោះត្រង់ ។
ឯកឧត្តម ងួន រតន: ជំរុញមន្ត្រីជំនាញទាំងអស់ត្រូវខិតខំសិក្សាអំពីបញ្ហាដីធ្លីនេះបន្ថែមទៀតដើម្បីឈានទៅរកដំណោះស្រាយមួយពិតប្រាកដជូនពួកគាត់ ។
ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅក្នុងដីគម្របព្រៃ និងមានបញ្ហានោះមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានព័ត៌មានដ៏ល្អនិងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា សូមជូនពរសម្ដេចបន្តដឹកនាំកម្ពុជាបន្តទៅទៀត។