(រដ្ឋបាលខេត្តកំពង់ធំ): ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ និងកែលម្អលើខ្លឹមសារ អក្ខរាវិរុទ្ធ និងទម្រង់នៃរបាយការណ៍ ឲ្យកាន់តែប្រសើរឡើង នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ២០២៣។
របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
*១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៤៣ របស់ក្រុមប្រឹក្សា
*២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
*៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
*៤. ពិនិត្យ និងអនុម័ត លិខិតបង្គាប់ការ បង្កើតក្រុមការងាររៀបចំពិនិត្យ និងកែតម្រូវរបាយការណ៍របស់រដ្ឋបាលខេត្ត
*៥. បញ្ហាផ្សេងៗ
ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ បានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនីមួយៗ ហើយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អ ទម្រង់របាយការណ៍ ឃ្លោងឃ្លា អក្ខរាវិរុទ្ធ ពោរពេញដោយអត្ថន័យ អោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារគម្រូ ។
ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ សូមចូលរួមតុបតែងលម្អតាមមន្ទីរអង្គភាព ក៏ដូចជាតាមដងផ្លូវ និងទីសាធារណៈ ឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតបំព្រង ដើម្បីស្វាគមន៍ត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៧ ខាងមុខនេះ ប្រកបដោយបរិយាកាសអធិកអធម។
សូមបញ្ជាក់ថាៈ ពីធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។