(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត និងស្ថានភាពនៃផលប៉ះពាល់គ្រោះមហន្តរាយក្នុងខេត្តកំពង់ធំ នាពេលកន្លងមក ហើយឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការទុកជាមុន ដើម្បីឆ្លើយតបអំពីហានិភ័យគ្រោះមហន្តរាយ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដែលយើងគ្រប់គ្នាមិនបានដឹងទុកជាមុន។
ឯកឧត្តម ឡាំង ហេងហួត បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីអនុវត្ត និងពង្រឹងបន្ថែមរួមមាន ÷ សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញការធ្វើបច្ចុប្បន្នភាពត្រៀមបម្រុង សម្រាប់ការឆ្លើយតបទៅនឹងទឹកជំនន់ក្នុងឆ្នាំ២០២៣ នេះឱ្យរួចរាល់ត្រឹមខែឧសភាជារៀងរាល់ឆ្នាំ។ សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា ដែលមានចែងនៅក្នុងសៀវភៅផែនការ ត្រៀមថ្នាក់ជាតិ និងថ្នាក់ខេត្ត សម្រាប់ត្រៀមរៀបចំអនុវត្តការងារគ្រប់គ្រងគ្រោះអន្តរាយ។ អាជ្ញាធរ ឃុំ ស្រុក ត្រូវត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ករណីដែលអាចកើតមានគ្រោះមហន្តរាយជាយថាហេតុ។ បង្កើតឱ្យមានការិយាល័យលេខាធិការដ្ឋានទទួលបន្ទុក ការងារគ្រោះអន្តរាយ ដោយមានមន្ត្រីទទួលបន្ទុកច្បាស់លាស់លើការប្រតិបត្តិការងារនេះ។