(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ថ្នាក់ដឹកនាំល្អតែងតែមានគំនិតផ្ដួចផ្ដើម អភិវឌ្ឍន៍ឲ្យមានការរីកចម្រើន ដើម្បីលើកកម្ពស់សោភ័ណភាពក៏ដូចជាបំពេញតម្រូវការផ្សេងៗ។
ការថ្លែងយ៉ាងដូច្នេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារវិទ្យាល័យស្ទឹងសែន និងសមិទ្ធផលនានា ចំណាយទឹកប្រាក់អស់ចំនួន១០.១២៦ដុល្លារសហរដ្ឋអាមេរិក ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករ ដើម្បីសប្បុរសធម៍ ថ្នាក់ដឹកនាំខេត្ត មន្ទីរវិស័យនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស ប្រមាណជិត ១ពាន់នាក់ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បន្តទៀតថា នេះជាកាយវិការមួយដ៏ល្អ ដែលលោកគ្រូ អ្នកគ្រូមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាអភិវឌ្ឍន៍បន្ថែមនៅហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀន ដើម្បីលើកកម្ពស់សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត ក៏ដូចជាបំពេញតម្រូវការផ្សេងៗ ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មការសាលា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សគ្រប់មុខវិជ្ជា និងរៀបចំបរិស្ថានសាលារៀនឲ្យក្លាយទៅជាសាលាមានសោភ័ណភាពស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។ លើសពីនេះទៀត សូមក្មួយៗ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា៖ យោងតាមរបាយការណ៍របស់លោកនាយកសាលាវិទ្យាល័យស្ទឹងសែនបានឲ្យដឹងថា នៅឆ្នាំ២០២២ វិទ្យាល័យស្ទឹងសែន បានលិចចេញនូវសមិទ្ធិផលជាច្រើន ដែលត្រូវរៀបចំប្រារព្ធពិធីបុណ្យឆ្លងខ្លោងទ្វារ និងពុទ្ធាភិសេកបដិមាករ ព្រមទាំងសមិទ្ធិផលទាំងអស់នេះ រួមមាន៖
១* ខ្លោងទ្វារមួយ
២* ព្រះពុទ្ធបដិមាករមួយ
៣* កន្លែងសម្រាប់លាងដៃពីរកន្លែង
៤* បង្គន់អនាម័យមួយខ្នងមាន ៣បន្ទប់
៥* ជួសជុលអគារមួយខ្នង ៥បន្ទប់
៦* ចាក់ដីបំពេញតារាងបាល់ទាត់
៧* ទូដាក់សម្ភារៈចំនួន ៨តុ សម្រាប់ទីចាត់ការពីរ សៀវភៅសម្រាប់តម្កល់ក្នុងបណ្ណាល័យមួយចំនួន (ជាអំណោយ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ)
៨* អគារមួយខ្នង ៥បន្ទប់
៩* ដាំកូនឈើគ្រប់ប្រភេទចំនួន ៤០០ដើម ។