ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូន កីឡាករ កីឡាការិនីជាចំណុះទូកទាំង ៤៦ទូក ដែលស្នាក់នៅ ៣ទីតំាង ១). នៅសាលាបឋមសិក្សាពោធិ៍បាក់ ក ២). នៅសួនកុមារខេត្ត និង៣). នៅវត្តទេពនិមិ្មត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ ការប្រណាំងទូក មិនមែនជាការចង់ឈ្នះ ចង់ចាញ់យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើង ឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។
ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន និងបានជំរុញឲ្យក្រុមកីឡាករទាំងអស់ ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ហូបស្អាត ផឹកស្អាត ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំ របស់អ្នកដឹកនាំក្រុម ត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន មិនត្រូវបង្កជម្លោះជាមួយមិត្ត និងក្រុមកីឡាករដទៃនោះទេ ត្រូវរក្សានូវ គុណធម៌ សីលធម៌ រក្សាកំលាំង សុខភាព សាមគ្គីភាព។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយចែកជូនដល់កីឡាករអុំទូកបន្ថែមទៀត ដូចជា សាច់ជ្រូក មី និងភេសជ្ជៈ ផងដែរ។