រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅស្រុកប្រាសាទសំបូរ

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្នុងគោលបំណងបង្ហាញសមិទ្ធិផលដែលខេត្តបានអនុវត្តកន្លងមក ដើម្បីធ្វើការពិគ្រោះយោបល់ និងដោះស្រាយរាល់បញ្ហាប្រឈម និងស្តាប់ណូមពរដែលប្រជាពលរដ្ឋកំពុងជួបប្រទះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យកំពង់ឈើទាល ស្រុកប្រាសាទសំបូរ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍លើកឡើងថា វេទិការបស់ក្រុមប្រឹក្សាលើកនេះ យើងធ្វើការពិភាក្សា និងដោះស្រាយលើបញ្ហាសំខាន់ៗចំនួន៤ រួមមាន៖ ១). បញ្ហាសម្រាមនៅទីប្រជុំ ២). គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ៣). ការសាងសង់លំនៅដ្ឋានលើដីតំបន់ប្រាសាទសំបូរព្រៃគុក (តំបន់ស្នូល តំបន់ទ្រនាប់ និងតំបន់រណប) និង៤). ត្រួសត្រាយ ឈូសឆាយដីចំការនៅក្នុងតំបន់ប្រាសាទ សំបូរព្រៃគុក។

ក្នុងនោះ ឯកឧត្តមបញ្ជាក់ថា រមនីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ ដោយមានការទទួលស្គាល់ពីអន្តរជាតិ ដូច្នេះសូមមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេស អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ដោយបន្ថែមនូវធុងសម្រាមឲ្យបានច្រើនកន្លែង ត្រូវរក្សាការពារសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទស្សនា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា ការទុកដាក់សម្រាមនៅទីប្រជុំជន របស់ស្រុកប្រាសាទសំបូរ ជាពិសេសផ្សារកំពង់ឈើទាល តំបន់រមនីយ្យដ្ឋានប្រាសាទសំបូរព្រៃគុក បញ្ហាសម្រាម នៅតែជាបញ្ហាដដែល ព្រោះនៅទីនេះ ពុំទាន់មានក្រុមហ៊ុនទទួលម៉ៅការប្រមូលសម្រាមនៅឡើយទេ ដូច្នេះសូមរដ្ឋបាលស្រុកត្រូវសហការជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ព្រមទំាងប្រជាពលរដ្ឋនៅតាមទីប្រជុំជន ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការដឹកជញ្ជូនសម្រាមនាពេលខាងមុខនេះ ចៀសវាងការចោលសម្រាមផ្តេសផ្តាសនាំឲ្យអាប់អ៊ួរដល់បរិស្ថាន និងប៉ះពាល់សុខភាពប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីការសាងសង់ផ្ទះរបស់បងប្អូន នៅតំបន់ប្រាសាទសំបូរព្រៃគុក រាល់ការសាងសង់លំនៅដ្ឋាន ត្រូវមានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ចៀសវាងការសាងសង់មុនការអនុញ្ញាតិ្ត ដែលនាំឲ្យខាតបង់នូវទ្រព្យសម្បត្តិរបស់បងប្អូន ឈានដល់ការរុះរើជាដើម ដោយឡែកនៅតំបន់ស្នូល គឺយើងមិនអនុញ្ញាត្តិឲ្យមានការសាងសង់សំណង់អគារឡើយ នៅតំបន់ទ្រនាប់វិញយើងមានការអនុញ្ញាត្តិតែត្រូវគោរពតាមលក្ខ័ណ្ឌ និងប្រភេទសំណង់របស់អាជ្ញាធរប្រាសាទសំបូរព្រៃគុក។ រីឯការបង្ករបង្កើនផលរបស់បងប្អូននៅតំបន់ប្រាសាទសំបូរព្រៃគុក អនុញ្ញាត្តិឲ្យបង្កបង្កើនផលទៅតាមផ្ទៃដីចាស់របស់បងប្អូន តែមិនអនុញ្ញាត្តិឲ្យធ្វើការទន្រ្ទាន ឬពង្រីកបន្ថែមទៀតឡើយ៕

Related Post