រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៧៤គ្រួសារ នៅស្រុកស្ទោង

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងក្រុមការងារ បាននាំយកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១៧៤គ្រួសារ ដែលមកពី ៩ភូមិ នៅវត្តឃ្លំាងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងអំពីស្ថានភាពប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំប្រឡាយ មានជីវភាពខ្វះខាត និងបានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្ត បាននាំយកអំណោយចែកជូនគ្រួសារទីទ័លក្រ ចាស់ជរា ចំនួន ១៧៤គ្រួសារ ដែលមកពីប្រាំបួនភូមិ ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ត្រីខ ៦កំប៉ុង ប្រេងឆា ១លីត្រ និងអំបិល ១កញ្ចប់ ។

ឯកឧត្តម សុខ លូ បានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំខេត្ត ស្រុក ដោយមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានអាហារហូបនោះទេ។ ហើយការចែកអំណោយនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឱ្យជីវភាពប្រសើរឡើង។

ម្យ៉ាងវិញទៀតការរស់នៅត្រូវចេះស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ជាតិខ្មែរតែមួយ កុំប្រកាន់និន្នាការនយោបាយ។ ក្នុងនោះដែរ ឯកឧត្តមបានជម្រាបអំពីស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជានូវព្រឹត្តិការណ៍ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ថ្មីនេះ តុលាការកំពូលកម្ពុជា បានចេញសាលដីការស្ថាពររំលាយគណបក្សសង្រោះជាតិ និងធ្វើការហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិចំនួន១១៨ រូប មិនឲ្យធ្វើសកម្មភាពនយោបាយនៅកម្ពុជារយៈពេល០៥ឆ្នាំ។

ប្រជាពលរដ្ឋដែលបានទទួលអំណោយពីឯកឧត្តម បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំខេត្ត ស្រុក ដែលបានចុះសាកសួរសុខទុក្ខ យកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនដល់ពួកគាត់ផងដែរ។

Related Post