រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខនេះ

នៅរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែធ្នូ គ.ស ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ ក្រោមអធីបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ដែលមានរយៈពេលខ្លី ច្បាស់លាស់ អាចជឿទុកចិត្តបាន នៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋ ដែលជាយន្តការ ដ៍មានប្រសិទ្ធភាពមួយ សម្រាប់ប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ ផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា៖ ១). ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ២). ការងាររដ្ឋបាល ៣). វិស័យសុខាភិបាល ៤). វិស័យទេសចរណ៍ ៥). វិស័យសាធារណៈការ និងដឹកជញ្ជូន ៦). វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៧). វិស័យព័ត៌មាន ៨). វិស័យបរិស្ថាន ៩). វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០). វិស័យរ៉ែ និងថាមពល ១១). វិស័យពាណិជ្ជកម្ម ១២). វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣). វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង១៤). វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមបញ្ជាក់ថា៖ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនឹងចាប់ដំណើរការអនុវត្ត នៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះសូមលោកប្រធានមន្ទីរអង្គភាពទំាងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំចាត់តំាងមន្ត្រី ដើម្បីទទួលបន្ទុកការងារនេះ ឲ្យមកបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ឲ្យបានដំណើរការល្អ ប្រកបដោយការទទួលខុសត្រូវ និងមានសមត្ថភាពធ្វើការងារ ក្នុងការផ្តល់សេវាសាធារណៈ គឺត្រូវធ្វើតាមការណែនាំតាមប្រកាសអន្តរក្រសួង ដែលបានកំណត់អំពីតម្លៃសេវា ទំាងអស់ ក្នុងនោះមិនអាចនណាម្នាក់ កំណត់អំពីតម្លៃសេវានេះដោយខ្លួនឯងបានទេ។

Related Post