រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៏ មិត្តភាពកម្ពុជានិងឥណ្តូនេស៊ី

ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង២គឺ ​ប្រទេស​ឥណ្ទូនេ​ស៊ី​ និង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រឹងមាំ​និង​យូរអង្វែង​ទៀត​នោះ ឯកអគ្គរាជទូត​ឥណ្តូនេ​ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ធំ បញ្ចុះបឋមសិលា​សាងសង់​ស្តូប​អនុ​ស្សាវរីយ៏ មិត្តភាព​កម្ពុជា-ឥណ្ទូនេ​ស៊ី ថ្មី​មួយកន្លែង​ទៀត ស្ថិតនៅ​ចំនុច​ផ្លូវ​វៀង ច្រមុះជ្រូក​កំពង់ថ្ម ផ្លូវជាតិលេខ៦ ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ។

ថ្លែង​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា សាងសង់​ស្តូប​មិត្តភាព កម្ពុជា-ឥណ្តូនេ​ស៊ី នៅ​ព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ ឯកអគ្គរាជទូត​ឥណ្តូនេ​ស៊ី ប្រចាំ​នៅ​កម្ពុជា មាន​ប្រសា​សន៏​ថា វត្តមាន​កងទ័ព​របស់​ប្រទេស​ឥណ្តូនេ​ស៊ី​នៅ​កម្ពុជា​មាន​រយៈពេល​ជាង២៦ឆ្នាំ​មកហើយ គឺ​ចាប់ពី​សម័យ​អ៊ុនតាក់​ឆ្នាំ ១៩៩៣ មកដល់​បច្ចុប្បន្ននេះ កងទ័ព​ឥណ្តូនេ​ស៊ី បាន​ឈរជើង​នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ ជាង២០ឆ្នាំ​ហើយ​ដែរ ហើយ​ជា​បន្តទៅទៀត​នេះ ឥណ្តូនេ​ស៊ី​និង​កម្ពុជា នៅតែ​បង្កើន​ភាពស្និទ្ធស្នាល រឹតចំណង​មិត្តភាព​យូរអង្វែង ជាពិសេស កងទ័ព​ឥណ្តូនេ​ស៊ី និង​រំលឹក​ដល់​វីរៈ​ភាព​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​មាន​ប្រសា​សន៏​ថា អាជ្ញាធរខេត្ត បាន​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​កងទ័ព​ប្រទេស​ឥណ្តូនេ​ស៊ី នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដែល​បាន​ចំណាយពេល​វេលា បន្ត​បេសកម្ម មកជួយ​ការពារ​សន្តិសុខ​កម្ពុជា ព្រមទាំង​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ជួយ​អោយ​កម្ពុជា​មាន​សុខសន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​តែមួយ ដូច្នេះ​អាជ្ញាធរខេត្ត​កំពង់ធំ ដើម្បី​ឆ្លើយតបទៅនឹង​ការស្នើសុំ របស់​ឯកអគ្គរាជទូត ប្រទេស​ឥណ្តូនេ​ស៊ី បានផ្តល់​ទីតាំង សម្រាប់​សាងសង់​ស្តូប​អនុ​ស្សាវរីយ៏ ជា​ចំណងមិត្តភាព រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​និង​ឥណ្តូនេ​ស៊ី ដែល​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ខែមីនា​ឆ្នាំ២០១៩នេះ ក្រោម​ការចំណាយ​ភាគី​ឥណ្តូនេ​ស៊ី ដោយ​អាជ្ញាធរខេត្ត​នឹង​ជួយ​សម្រួល ធ្វើ​សួនច្បារ ដាំ​ផ្កា លំអ​រ ដើម្បី​ឲ្យ​កាន់តែ​មាន​សោភ័ណភាព ស្រស់ស្អាត ជាពិសេស​ផ្តល់​ភាព​សាក​សម​ដល់​វីរៈ​ភាព​កងទ័ព នៃ​ប្រទេស​ទាំងពីរ និង​ងាយស្រួល​ដល់​បងប្អូន​ជនជាតិខ្មែរ​ឥស្លាម​អាចមក​គោរពវិញ្ញាណក្ខន្ធ​កងទ័ព​ផងដែរ ៕

 

Related Post