(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្ទឹងសែន សូមជួយថែរក្សាសណ្តាប់ធ្នាប់សារធារណៈ ពាក់ព័ន្ធនឹងការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យបាត់បង់នូវសោភ័ណភាពក្នុងក្រុងស្ទឹងសែន ព្រមទាំងជំរុញឱ្យអាជ្ញាធរ ឱ្យយកគោលការន៍អប់រំណែនាំជាចម្បង ផ្សព្វផ្សាយពីគោលបំណង និងផលប្រយោជន៍អ្វីជាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត សម្រាប់ក្រុងស្ទឹងសែននៅពេលខាងមុខនេះ។
ការអំពាវនាវនេះត្រូវបាន ឯកឧត្តម ងួន រតនៈ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ពេញ កែម ជាអភិបាលក្រុងស្ទឹងសែន ជំនួសលោក ម៉ាក់ ប៊ុនហុង ដែលត្រូវទទួលភារកិច្ចថ្មី នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្តទៀតថា ការផ្លាស់ប្ដូរនេះជារឿងធម្មតារបស់មន្រ្តីរាជការ ជាពិសេស ផ្លាស់ប្ដូរនូវបទពិសោធន៍ ចំណេះដឹង ធ្វើយ៉ាងណា រួមគ្នាសហការ និងផ្ដល់ការគាំទ្រលោក ពេញ កែម បន្តទៀតក្នុងនាមជាអភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន រួមជាមួយនឹងលោកប្រធានក្រុមប្រឹក្សាក្រុង ដើម្បីធានាបាននូវកិច្ចការទាំងឡាយដែលនៅសេសសល់ពុំទាន់បានដោះស្រាយចប់ ក៏ដូចជាការបំពេញនូវអ្វីដែលប្រជាពលរដ្ឋដែលចង់បាន ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងស្ទឹងសែនទាំងអស់ ត្រូវបង្កើនសកម្មភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។
ដើម្បីឆ្លើយតបឱ្យបានសក្ដិសមចំពោះជំនឿទុកចិត្តដ៏ថ្លៃថ្លានេះ លោក ពេញ កែម ដែលទើបទទួលបានការតែងតាំងថ្មី ធ្វើការប្តេជ្ញាចិត្ត: អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ច្បាប់ គោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ តាមគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលក្រុង និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាព ជុំវិញខេត្ត សង្កាត់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ។